(សៀមរាប)៖ នាថ្ងៃទី១៦ ខែមីនានេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូហ្វាមប៉េកាំង) ដូសទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋបានចាក់លើកទី១ ដែលបានចាក់ពីដើមខែ មីនាកន្លងទៅ។ ការចាក់លើកទី២នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹងនោះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ពីពេលវេលាសម្រាប់អ្នកដែលដល់ពេលកំណត់ក្នុងការមកទទួលវ៉ាក់សាំងលើកទី២ គឺត្រូវមានរយៈពេលចន្លោះពី១៤ថ្ងៃ ទៅ២៨ថ្ងៃ (មិនឱ្យហួស២៨ថ្ងៃក្រោយចាក់ដួសទី២)។ ការចាក់នេះ ធ្វើឡើងនៅតាមទីតាំងទាំង៥ ដែលរៀបចំនាពេលកន្លងមក រួមមានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកសូទ្រនិគម មន្ទីរពេទ្យបង្អែកក្រឡាញ់ មន្ទីរពេទ្យបង្អែកពួក និងមន្ទីរពេទ្យបង្អេកអង្គរជុំ។
យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង១១កន្លះថ្ងៃត្រង់ និងរសៀលចាប់ពីម៉ោង២ ដល់ម៉ោង៤ ជារៀងរាល់ថ្ងៃ។ អ្នកមកទទួលវ៉ាក់សាំងត្រូវមានប័ណ្ណចាក់វ៉ាក់សាំងលើកទី១ ករណីមកយឺតលើសពី២៨ថ្ងៃចាប់ពីចាក់ដួសទី១ និងមិនអាចចាក់ដូសទី២បានទេ។
មន្ទីរសុខាភិបាលខេត្តបានរំឮកដល់អ្នកដែលបានចាត់វ៉ាក់សាំងដូសទី២ បើទោះបីបានចាក់រួចក៏ពិតមែន តែត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលដដែល គឺ៣ការពារ និង៣កុំ៕