(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសុំច្បាប់អាជ្ញាធរ និងមន្ទីរជំនាញជាមុនសិន មុននឹងសាងសង់សំណង់នានា ដើម្បីមានសុវត្ថិភាព សោភ័ណភាព ស្របតាមបច្ចេកទេសសំណង់ និងមានភាពស្របច្បាប់ដែលបានចែង។
ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់សំណង់ នៅក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់ផងដែរ។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យសំណង់សាងសង់មានគុណភាព ប្រជាពលរដ្ឋត្រូវសុំច្បាប់អនុញ្ញាតសាងសង់ឱ្យបានត្រឹមត្រូវនៅច្រកចេញ ចូលតែមួយ របស់រដ្ឋបាលក្រុង ព្រោះការងារសាងសង់មានច្បាប់ គឺភ្ជាប់មកជាមួយនូវប្លង់ដី ឱ្យបានច្បាស់លាស់ ដែលមានការទទួលស្គាល់ ពីអាជ្ញាធរនិងមន្ទីរជំនាញ»។
លោក សរ សុដានី បានបន្តថា សំណង់ស្របច្បាប់អាចកាត់បន្ថយនូវទំនាស់របស់អ្នកជិតខាង ព្រោះពេលដែលយើងធ្វើត្រូវអនុវត្តនូវគម្លាតនគរូបនីយកម្ម បញ្ញតិ មិនឱ្យប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ មិនឱ្យមានទំនាស់ រវាងម្ចាស់សំណង់ និងក្រុមជាងដោយ ឃើញថាកន្លងទៅ មានទំនាស់ញឹកញាប់ដែលប្រជាពលរដ្ឋម្ចាស់សំណង់ប្តឹងមកមន្ទីរ ឱ្យជួយដោះស្រាយដោយសាការសាងសង់សំណង់គ្មានគុណភាពជាដើម។
លោកបានបញ្ជាក់ថា ការស្នើសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវគឺផ្តល់ភាពជាគំរូល្អ និងជាមោទនភាពសម្រាប់ខ្លួនឯង និងសង្គមជាតិ ហើយត្រូវចូលរួមសហការណ៍ឱ្យបានល្អ តាមការណែនាំរបស់រដ្ឋបាលក្រុង ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ ដើម្បីធានាថារាល់សំណង់ទាំងអស់មានលក្ខណៈស្របច្បាប់ជៀសវាងមានទំនាស់ទៅថ្ងៃក្រោយ៕