(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត បានក្រើនរំឮកដល់សិស្សានុសិស្សត្រូវចេះការពារខ្លួនពីជំងឺកូវីដ១៩ ជាពិសេសមិនត្រូវជឿជាក់ លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ក្រៅពីអាជ្ញាធរ និងក្រសួងសុខាភិបាល។
ការក្រើនរំឮកបែបនេះ របស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងឱកាសដែលលោកតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះជួបសំណេះសំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង នាសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្ត ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ជាមួយគ្នានេះ លោកបានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាសឱ្យបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង។
លោក តូច ប៉ូលីវ៉ា បានបន្ថែមថា «អ្វីដែលសំខាន់សូមដានតាម Page ផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើការដឹកនាំរបស់លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
លោកបានគូសបញ្ជាក់ថា ជាពិសេសសូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕