(ភ្នំពេញ)៖ រយៈពេល២ខែ ដើមឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៤,៩៧៧,៤៨១ដុល្លារ មានការថយចុះ០.៦ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន៥,៣០៨,២៨៤ដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានរួមមាន៖
* ទី១៖ ចំណូលបានប្រតិបត្តិការផែ មានចំនួន ៤,០០០,៦១០ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៥៥៣,៤០៥ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥៩,២២០ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ៣៦៤,២៤៦ដុល្លារ។
របាយការណ៍ បានបន្ថែមទៀតថា ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់២ខែ ដើមឆ្នាំ២០២១ រួមមាន៖
ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន៧០០,១០២តោន កើនឡើង៥,៤៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន៦៦៣,៧៤០តោន
ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន៣៩៩ជើង ថយចុះ១២,១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន៤៥៤ជើង
ទី៣៖ បរិមាណកុងតឺន័រ មានចំនួន៥២,៦៦៤ធីអ៊ីយូ កើនឡើង៥,៦២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន៤៩,៨៦០ធីអ៊ីយូ។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ធ្លាប់ប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុង នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់។
លោកអគ្គនាយកបានគូសបញ្ជាក់ថា នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាព ផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ គឺអាចបន្ដផ្ដល់ជូនសេវា ជូនដល់អ្នកប្រើប្រាស់៣០ភាគរយបន្ថែមទៀត។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ។
បើតាមរបាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ បរិមាណទូរកុងតឺន័រ ដឹកជញ្ជូនទំនិញចេញចូល តាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ២៩០,៨៥៧ TEUs (ទូរ) កើនឡើង៣,៤៩% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ មានតែ ២៨១,០៤៥ TEUs ប៉ុណ្ណោះ។
របាយការណ៍ដដែលបន្តថា សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន៣,៧៨០,៥៣០តោន ធ្លាក់ចុះ០,២៤%។
ដោយឡែកនាវាផ្ទុកទំនិញ ឆ្លងការកំពង់ផែ មានចំនួន២,៣៦៣គ្រឿង ធ្លាក់ចុះ១,៩១%, ទទួលនាវាទេសចរណ៍ ចំនួន១២៦ជើង ធ្លាក់ចុះរហូតដល់៦៨,២៦ភាគរយ% និងបរិមាណអ្នកដំណើរ មានចំនួន៩,៧៣៣នាក់ ធ្លាក់ចុះរហូតដល់ ៦៩,៨៧%៕