(កណ្ដាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅស្រុកពញ្ញាឮ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនីមួយៗដោយគ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ឡើយ ព្រមទាំងផ្ដាំផ្ញើរដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺនេះដោយអនុវត្តន៍តាមអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន។
លោក តាំង ម៉េងលាន ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរក្នុងការអនុវត្តន៍បានល្អនូវវិធានចត្តាឡីស័កនេះ។ ជាមួយនោះ ក៏បានណែនាំដល់មន្ត្រីទាំងឡាយនៅភូមិសាស្ត្រខាងលើ បន្តការយកចិត្តទុកដាក់ពិនិត្យមើលពលរដ្ឋឲ្យម៉ត់ចត់ តាមដានសុខភាពពួកគាត់ និងស្រាវជ្រាវអ្នកពាក់ព័ន្ធ ទាំងអស់យកមកធ្វើចត្តាឡីស័ក និងយកសំណាកពួកគាត់ទៅពិនិត្យផងដែរ ដើម្បីច្បាស់ថាតើពួកគ្មានផ្ទុកវិជ្ជមានកូវីដ-១៩។
លោកអភិបាលរងខេត្តបន្តថា រដ្ឋបាលខេត្តកណ្ដាលក្រោមការដឹកនាំរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានខ្នះខ្នែង យកចិត្តទុកដាក់បំផុត ចំពោះបញ្ហា ជំងឺកូវីដ១៩នេះ ពិសេសបន្តតាមដានស្រាវជ្រាវ ជួយទំនុកបំរុងដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ហើយបន្តណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃ។
គួរជម្រាបថា ចាប់តាំងពីផ្ទុះករណីឆ្លងជាសហគមន៍មក អ្នកខេត្តកណ្ដាលដែលពាក់ព័ន្ធមានចំនួនជាង១ម៉ឺននាក់ អ្នកមានវិជ្ជមានកូវីដ១៩ មានចំនួន៦៤នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់គ្នាហើយ៕