(សៀមរាប)៖ របរធ្វើកន្ត្រកកំប្លោក ដែលមានទីតាំងនៅក្នុងភូមិគោកតាចាន់ ឃុំគោកចក ខេត្តសៀមរាប បានជួយឱ្យជីវភាពលោកយាយៗ នៅក្នុងភូមិនេះបានល្អប្រសើរ។ បើតាមការបញ្ជាក់ពីលោកយាយ មិន រុំ អាយុ ៦២ឆ្នាំ ប្រាប់ថា លោកយាយធ្វើកន្ត្រកនេះ៣ឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃលោកយាយត្បាញកន្ត្រកតូចៗបាន១ ដែលមានតម្លៃឈ្នួល២ម៉ឺនរៀល រីឯកន្ត្រកធំៗ ២ថ្ងៃបានមួយ ហើយតំលៃថ្លៃជាងនឹងបន្តិច។
រីឯលោកយាយ មិន តឿ អាយុ ៥៥ឆ្នាំវិញ ក៏មិនខុសពីលោកយាយ មិន រុំ ដែរ ក្នុងការធ្វើកន្ត្រកត្បាញពីកំប្លោកនេះ។ លោកយាយបាននិយាយថា ឈប់ធ្វើស្រែចម្ការយូរហើយ ដោយសារកូនៗមានគ្រួសារ ណាមួយអត់មានកម្លាំងធ្វើ ហេតុដូច្នេះហើយទើបលោកយាយមកធ្វើកន្ត្រក គ្រាន់មានលុយទិញអង្ករត្រីសាច់ និងទុកខ្លះគ្រាន់បានទៅវត្ត និងចូលបុណ្យអ្នកជិតខាង។
ចំណែកលោកយាយ ឈិន ចាន់ អាយុ ៦៤ឆ្នាំ និយាយទាំងញញឹមថា លោកយាយធ្វើកន្ត្រកនេះ៣ឆ្នាំដូចគ្នា ធ្វើបាន១ ឬ២ តាមតូចធំ។ ប៉ុន្តែលោកយាយសប្បាយចិត្ត ពីព្រោះវ័យយាយមិនអាចធ្វើការងារធ្ងន់ឬនៅឆ្ងាយៗបាន។ការងារធ្វើកន្ត្រកនេះ វានៅម្លប់ ហើយការងារស្រាលៗ ល្មមនឹងយាយធ្វើបាន។
លោកយាយបន្តថា ពេលព្រឹកយាយមកធ្វើនៅផ្ទះម្ចាស់សិប្បកម្មតម្បាញនៅក្នុងភូមិ ចាប់ពីម៉ោង ៨ ឬ៩ ហើយថ្ងៃត្រង់អ្នកខ្លះយកបាយមកហូបនៅកន្លែងធ្វើ អ្នកខ្លះវិលទៅហូបបាយនៅផ្ទះ។
លោកយាយ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជួយទិញផលិតផលកន្រ្តកកំប្លោកនេះ ដើម្បីឱ្យយាយៗក្នុងភូមិមានការងារធ្វើ និងបានថវិកាខ្លះគ្រាន់ទិញអង្ករ និងទុកធ្វើបុណ្យ។
អ្នកស្រី សុខ ស្រីម៉ៅ ដែលជាម្ចាស់សិប្បកម្មកន្ត្រកកំប្លោកបានលើកឡើងថា សិប្បកម្មនេះបើកដំណើរការបានប្រមាណ ៣ឆ្នាំហើយ ហើយកន្ត្រកកំប្លោកនេះ គឺធ្វើដោយលោកយាយៗនៅក្នុងភូមិនេះទាំងអស់។ ចាស់ៗ ដែលធ្វើនៅសិប្បកម្មកំប្លោកអ្នកស្រីសរុបជាង ២០នាក់។
អ្នកស្រីប្រាប់ថា សព្វថ្ងៃនេះការលក់មិនសូវដាច់ដូចមុនទេ ដោយសារមិនមានភ្ញៀវទេសចរ ហើយអ្នកលក់តាមប្រាសាទ ផ្សារចាស់ ផ្សាររាត្រី និងខាងភ្នំពេញ ក៏គេមិនសូវមានអ្នកបញ្ជាទិញដូចមុនដែរ។ អ្នកស្រីបន្ថែមទៀតថា ចាប់ពីផ្ទុះជំងឺកូវីដ១៩ បានប្រហែល ៣ខែ គឺម៉ូយធ្លាប់បញ្ជាទិញ គេឈប់បញ្ជាទិញទៀតហើយ ដោយសារលក់មិនដាច់។
អ្នកស្រី សុខ ស្រីម៉ៅ បានផ្អាកការធ្វើរយៈពេល៣ខែ ហើយក៏បន្តធ្វើឡើងវិញ ក្នុងបរិមាណតិច និងឆ្លាស់គ្នាធ្វើ ដើម្បីឱ្យលោកយាយៗមានចំណូលខ្លះពីរបរមួយនេះ។
អ្នកស្រី សុខ ស្រីម៉ៅ ក៏អំពាវនាវដល់ប្រជាពលរដ្ឋជួយទិញផលិតផលខ្មែរ ដើម្បីឱ្យសិប្បកម្មដំណើរការតទៅមុខទៀត ហើយលោកយាយៗនៅភូមិគោកតាចាន់នេះ មានការងារធ្វើកាន់តែច្រើន៕