(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពនៃការផ្គត់ផ្គង់ទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងរដូវប្រាំងឆ្នាំ២០២១។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅកណ្តាលរាជធានីភ្នំពេញ ដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានសម្ពាធសមស្របហើយនោះ មេត្តាជួយសន្សំសំចៃទឹកក្នុងការប្រើប្រាស់ ដើម្បីទុកលទ្ធភាព និងឱកាសឲ្យប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងភ្នំពេញ អាចទទួលបានទឹកប្រើប្រាស់ ក្នុងន័យចែករំលែកទឹកគ្នាប្រើ ក្នុងរដូវកាលខ្វះខាតនេះ។
រដ្ឋាករទឹកក្រុងភ្នំពេញ បានឲ្យដឹងថា ក្នុងបរិបទកូវីដ-១៩ ដែលរងផលប៉ះពាល់គ្រប់ចរន្ត នៃសេដ្ឋកិច្ចជាតិទាំងមូល ក្នុងនោះរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ក៏ទទួលរងនូវឥទ្ធិពលនេះដែរ។ ប៉ុន្តែទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះយ៉ាងណាក្តី ក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែដំណើរការ បម្រើសេវាជូនអតិថិជនរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ២៤ ម៉ោង/២៤ម៉ោង និងជារៀងរាល់ថ្ងៃ។
ទោះបីជានៅរដូវប្រាំងនេះកំពស់ទឹកទន្លេ បានស្រកចុះទាបជាងសព្វដងក៏ដោយ ការផលិតទឹក និងការប្រើប្រាស់ទឹកនៅមានអតុល្យភាព ដោយការផ្គត់ផ្គង់ទឹកអាចមានការខុសគ្នានៃសំពាធទឹកខ្លាំង ឬខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ក្នុងពេលតែ១ បានន័យថា សេចក្តីត្រូវការលើសពី សមត្ថភាពនៃការផ្គត់ផ្គង់ ដែលធ្វើឲ្យសំពាធទឹក នៅតាមតំបន់ជាយក្រុងនឹងបន្តធ្លាក់ថមថយ ចុះជាងពេលមុន ឬខ្វះទឹកប្រើប្រាស់នៅតំបន់ជាយក្រុងខ្លះ។
រដ្ឋាករទឹកបន្តថា ស្ថិតក្នុងបរិបទមួយដែលរាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជា មានកំណើនសេដ្ឋកិច្ច សង្គមយ៉ាងលឿន ក្នុងនោះមានកំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ និងផ្ទៃសេវាផ្គត់ផ្គង់ទឹកកាន់តែធំ ទៅៗផងនោះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវសាងសង់រោងចក្រផលិតទឹកថ្មីៗ និងពង្រីកការងារ ដាក់បំពង់មេចែកចាយទឹកបន្ថែមទៀត សំដៅបំពេញតម្រូវការប្រើប្រាស់ដ៏គំហុកនេះ ដោយយើងបានស្វែងរក ដៃគូជំនួយកិច្ចសហការគ្រប់ជ្រុងជ្រោយ សំដៅបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយវិស័យទឹកស្អាត របស់រាជរដ្ឋាភិបាលកម្ពុជា លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព ដោយធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត និងអានាម័យជូនប្រជាពលរដ្ឋគ្រប់រូប១០០% នៅតាមទីប្រជុំជនត្រឹមឆ្នាំ២០២៥ តទៅ។
បច្ចុប្បន្នរោងចក្រផលិតទឹកស្អាតបាក់ខែង បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ដែលទទួលបានការអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋប្រមាណ ៤០ ០០០គ្រួសារ ដែល រស់នៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ក្នុងភូមិខ្លះនៃសង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករកា សង្កាត់កន្ទោក សង្កាត់ស្នោរ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោមជាដើម ចំពោះចំពោះការថមថយសម្ពាធទឹក និងខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។
បើទោះបីស្ថិតក្នុងរដូវកាល និងកាលៈទេសៈដ៏លំបាកនេះក្តី ក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែបន្តខិតខំនិងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងការផលិតទឹកដែលមានគុណភាពស្របតាមស្តង់ដារទឹកផឹកថ្នាក់ជាតិ និងស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងអនាម័យដែលអាចឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃ ព្រោះទឹកស្អាត គឺជាចំណែកមួយដ៏សំខាន់ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ផងដែរក្នុងបរិបទបច្ចុប្បន្ននេះ៕