(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក បង្កើតគណបក្សកែទម្រង់កម្ពុជា ហើយ។ នេះបើតាមលិខិតក្រសួងមហាផ្ទៃ ផ្ញើទៅកាន់តំណាងស្ថាបនិកគណបក្សនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមលិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក ទិន សៃ តំណាងស្ថាបនិកគណបក្សនេះ បានឱ្យដឹងថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកតំណាងស្ថាបនិកគណបក្សជ្រាបថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សកែទម្រង់កម្ពុជា» ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សឡាតាំង «CAMBODIA REFORM PARTY» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង»។
ទន្ទឹមនឹងការអនុញ្ញាតនេះ ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យតំណាងស្ថាបនិកគណបក្សធ្វើការផ្លាស់ប្តូរពាក្យ «សង្គ្រោះ បំរើ ការពារ» ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារពាក្យនេះដូចគ្នាទៅនឹងបាវចនារបស់គណបក្សនយោបាយ ដែលត្រូវបានរំលាយដោយសារសាលដីការតុលាការកំពូល។
«ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងផ្លាស់ប្តូរពាក្យ ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្សដូចដែលបានណែនាំខាងលើ»។ នេះបើតាមការបញ្ជាក់បន្ថែមនៃ លិខិតក្រសួងមហាផ្ទៃ។
«គណបក្សកែទម្រង់កម្ពុជា» ត្រូវបានបង្កើតដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក ដើម្បីចូលរួមក្នុងការប ោះឆ្នោតជាតិ នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១៤រូបហើយ ដែលត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៤ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា និងគណបក្សថ្មីនេះជាដើម៕