(ភ្នំពេញ-តាកែវ)៖ សំណុំរឿងប្លន់សម្លាប់បុរសម្នាក់ នៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវថៃហ្គឺ ភូមិតាព្រហ្ម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រាវជ្រាវឈានដល់ការ បង្ក្រាបបានជនដៃដល់២នាក់ រហូតក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដឹកនាំដោយលោក ម៉ៅ សឿត និងស្នងការដ្ឋាននគរបាលខេត្តតាកែវ។
សមត្ថកិច្ចបានអះអាងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប និងឈ្មោះ ម៉េង ណាឃីម។ ក្នុងនោះដកហូតបានទូរស័ព្ទម៉ាក OPPO (របស់ជនរងគ្រោះ) និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខត្បូងឃ្មុំ1H-1406 (របស់ជនរងគ្រោះ)។
តាមចម្លើយជនសង្ស័យទាំង០២នាក់ខាងលើបានសារភាពថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ចាក់សម្លាប់ ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ប្លន់យកម៉ូតូ, ខ្សែករមាស, ជញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេបានចែកសម្ភារៈគ្នា ដោយឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងតាមនីតិវិធី៕