(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមូលនិធិមហា គ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) រួមជាមួយ មី២កេស ភេសជ្ជ:៤កេស ទៅប្រគល់ជូនដល់ គ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។
សូមបញ្ជាក់ថា សពលោកវរសេនីយ៍ឯក សេង ឈៀង ត្រូវបានបូជាតាមគន្លងព្រះពុទ្ធសាសនាកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅគេហដ្ឋានស្ថិតក្នុងក្រុមទី៥ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយទទួលមរណភាព កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារជំងឺគាំងបេះដូង។
ពិធីបូជាសពនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ តេង ឈួន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ត្រូវជាឪពុកមា, លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌជ្រោយចង្វារ។
គួរជម្រាបថា លោកវរសេនីយ៍ឯក សេង ឈៀង ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលមានការទទួលខុសត្រូវលើការបំពេញភារកិច្ចការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានទំនាក់ទំនងល្អប្រសើរជាមួយអាជ្ញាធរ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ។ ក្នុងនាមជាមេបញ្ជាការ លោក សេង ឈៀង បានដឹកនាំអង្គភាពអាវុធហត្ថខណ្ឌចូលរួមរួមយ៉ាងសកម្មក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋមូលដ្ឋាន។
ផ្ដើមចេញពីជីវិតកុមារដែលរស់ក្នុងបន្ទុកឪពុកម្ដាយក្រីក្រ ប្រឹងត្រដងរៀនតាំងពីបឋមសិក្សានៅក្នុងខេត្ត រហូតបញ្ចប់ការសិក្សានៅភ្នំពេញ លោកបានចូលបម្រើក្នុងកងរាជអាវុធហត្ថ និងបានឆ្លងកាត់ការងារ ជាសមាជិក វរថ្មើជើង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាតម្រួតយោធា ជាគ្រូភាសាអង់គ្លេស ជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ និងចុងក្រោយជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថជ្រោយចង្វារ រហូតដល់ថ្ងៃទទួលមរណភាព ជាថ្ងៃចុងបញ្ចប់នៃជីវិតរបស់លោក៕