(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នឹងចូលរួមកិច្ចពិភាក្សាពិសេសមួយ ពាក់ព័ន្ធនឹងការងើបឡើងវិញ នៃសេដ្ឋកិច្ច និងភាពធន់ ក្រោមប្រធានបទស្ដីពី «មិនទុកនរណាម្នាក់ចោលឡើយ៖ ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការស្តារឡើងវិញ និងភាពធន់នៃសេដ្ឋកិច្ច ក្នុងអំឡុងពេលក្រោយវិបត្តិវីរុសកូវីដ-១៩» នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៖ ៣០នាទីរសៀល ដល់ម៉ោង៤៖០០នាទីរសៀល។
កិច្ចពិភាក្សានេះធ្វើឡើង ក្នុងសន្និសីទប្រចាំឆ្នាំស្តីពី «ការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២១» សហការរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មាធិការអង្គការសហប្រជាជាតិ ផ្នែកសេដ្ឋកិច្ច សង្គម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) ចាប់ពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងផ្តល់ជាវេទិកាមួយ សម្រាប់ថ្នាក់ដឹកនាំពីបណ្តាស្ថាប័នរដ្ឋ សហគ្រាស សាស្ត្រាចារ្យ និងវិស័យសម្រាប់ការអភិវឌ្ឍ ដើម្បីពិភាក្សាស្វែងរកយន្តការ និងដំណោះស្រាយប្រកបដោយនវានុវត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សម្រាប់ការអភិវឌ្ឍ ដែលរួមមានបញ្ហាប្រឈមនានា ពិសេសវិបត្តិវីរុសកូវីដ-១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន។
កិច្ចពិភាក្សាពិសេសនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំដែលជាវាគ្មិនកិត្តិយសរួមមាន៖ លោក Lee Chew Tan នាយកគ្រប់គ្រងសម្រាប់តំបន់អាស៊ាន, លោក Clarence Barboza នាយកផ្នែកធុរកិច្ចក្នុងវិស័យសាធារណៈ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចិន និងជប៉ុន នៃក្រុមហ៊ុន Cisco និងលោក Sami Farhad នាយកជាន់ខ្ពស់នៃការិយាល័យ សាកលភាវូបនីយកម្មនៃក្រុមហ៊ុន Alibaba។
សាធារណជនអាចចូលរួមទស្សនា ដោយសេរីដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://seads.adb.org/register៕