(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះថា សង្គមស៊ីវិលមួយក្តាប់តូចកំពុងព្យាយាមការពារសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលពួកគេចង់បាន ប៉ុន្តែផ្ទុយទៅក្រុមប្រឆាំងជ្រុលនិយមរួមនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច មិនបានខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែប្រឈមមុខនឹងវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នោះឡើយ។
នៅចំពោះមុខនៃការធ្វើយុទ្ធនាជាបន្តបន្ទាប់របស់ក្រុមប្រឆាំងជ្រុលនិយមរួមនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូចក្នុងចេតនាទុច្ចរិតបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ លោក នេត្រ ភក្ត្រា បានឆ្លើយតបត្រឡប់ទៅវិញ ដោយបានហៅយុទ្ធនាការទាំងអស់រាប់តាំងតាំងពីការចេញសេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បន្តរហូតដល់ការធ្វើយុទ្ធនាការរបស់សមាគម និងអង្គការក្នុងស្រុកមួយក្តាប់តូច រួមនឹងក្រុមចលនាខុសច្បាប់មួយចំនួននៅក្រៅប្រទេសថា «ជាយុទ្ធនាការខុសបរិបទគួរឱ្យអស់សំណើច ធ្វើឡើងក្នុងចេតនាទុច្ចរិតបង្កវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាដោយបង្កភាពអនាធិបតេយ្យ ចិញ្ចឹមទំនាស់បង្កើតការញុះញង់ និងព្យាយាមបំពានច្បាប់ដែលកម្ពុជាមានជ្រកក្រោមស្លាកបរិស្ថាន និងព្រៃឈើ»។
លោក នេត្រ ភក្ត្រា បានបន្តយ៉ាងដូច្នេះថា៖ «តែផ្ទុយទៅក្រុមប្រឆាំងជ្រុលនិយមរួមនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច មិនបានខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែប្រឈមមុខនឹងវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នោះឡើយ ប៉ុន្តែពួកគេបន្តផែនការចាស់របស់ពួកគេ ហើយពួកគេបានខិតខំការពារសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលពួកគេចង់បាន»។
អ្នកនាំពាក្យវ័យក្មេង និងសកម្មរូបនេះ បានលើកឡើងថា អង្គការសង្គមស៊ីវិលមួយចំនួនតូចដែលមានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងជំងឺតួឯកខាងធនធានធម្មជាតិព្យាយាមបំពានច្បាប់ និងបានលើកទឹកចិត្តក្រុមអ្នករំលោភច្បាប់។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលខ្លះ ធ្វើសកម្មភាពមិនបានចុះបញ្ជី និងព្យាយាមមិនសហការស្របតាមនីតិវិធីច្បាប់ជាមួយស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល តើពួកគេធ្វើនៅក្នុងគោលបំណងអ្វីឱ្យពិតប្រាកដ? ពួកគេមិនអាចបន្តធ្វើសកម្មភាពបែបអនាធិបតេយ្យបានឡើយ ព្រោះកម្ពុជាមានច្បាប់។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជិតមួយខែមកនេះក្រុមអង្គការជាតិ និងអន្តរជាតិ បានចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍ និងបាននិងកំពុងធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យបណ្តាញសហគមន៍ព្រៃឡង់ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចូលធ្វើសកម្មភាព នៅក្នុងតំបន់ការពារធម្មជាតិដោយសេរីដោយមិនចាំបាច់មានការអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ។ ប៉ុន្តែការទាមទារនេះត្រូវបានមន្ត្រី ជាន់ខ្ពស់ក្រសួងបរិស្ថានទាត់ចោលដោយថ្លែងថា តើពួកគេនៅបន្តធ្វើការបែបស្រមើស្រម៉ៃយល់សប្តិ៍ដល់ ណាទៀត? ពួកគេគួររៀនគោរពច្បាប់ កុំព្យាយាមបកស្រាយច្បាប់តម្រូវចិត្តក្រុមខ្លួនដោយមិនឈរលើមូលដ្ឋានគតិយុត្តត្រឹមត្រូវ ហើយលង់នឹងជំងឺតួឯកដែលម្ចាស់ជំនួយខ្លួនបញ្ជោរពេក។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ក្រសួងបរិស្ថានសូមគូសបញ្ជាក់សាជាថ្មីពីការពង្រឹងការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះបទល្មើសទាំងឡាយដែលកើតក្នុងតំបន់ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខច្បាប់ជាធរមាន ទោះអ្នកនោះជាអ្នកកាប់បំផ្លាញឈើ ទន្ទ្រានដី បរបាញ់សត្វ ឬក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកការពារព្រៃឈើក៏ដោយ ឱ្យតែប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពដោយរំលោភបំពានច្បាប់ ធ្វើសកម្មភាពដោយគ្មានចុះកិច្ចព្រមព្រៀងស្តីពីការចូលរួមគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរវាងរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន ដែលបានកំណត់នៅក្នុងច្បាប់ស្តីពី តំបន់ការពារធម្មជាតិដែលមានជាធរមាន។ ប្រសិនបើបន្តប្រព្រឹត្តល្មើសនោះក្រសួងបរិស្ថានគ្មាន ជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់ដែលមានជាធរមាននោះឡើយ។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ ឬក្រុមណាមួយឡើយ ប៉ុន្តែជាការពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ហើយក្រុមអង្គការសង្គមស៊ីវិលគួរលើកតម្កើងការអនុវត្តច្បាប់ជាជាងប្រើការតស៊ូមតិក្លែងក្លាយ និងយកបញ្ហាបរិស្ថាន និងធនធានធម្មជាតិមកធ្វើអាជីវកម្មនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយខ្លួន។ កម្ពុជាគោរព សិទ្ធិមនុស្ស និងមានលំហសេរីភាព និងប្រជាធិបតេយ្យពេញលេញស្ថិតក្រោមដំបូលច្បាប់ តែមិនមែនជាសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចង់បានឡើយ។
លោកមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានចោទសួរថា ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែទាមទារឱ្យមានការគោរពច្បាប់ឱ្យបានពេញលេញ ប៉ុន្តែតើសង្គមស៊ីវិលទាំងនោះគួរសួរខ្លួនឯងថាតើពួកគេបានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរ ឬទេ ហើយតើពួកគេទទួលបានថវិកាពីណាមកធ្វើសកម្មភាព?
ត្រង់ចំណុចនេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសម្ចាស់ជំនួយមួយចំនួនគួរធ្វើការងារ និងគាំទ្រចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលគោរពច្បាប់ត្រឹមត្រូវ និងមានរបៀបវារៈច្បាស់លាស់ក្នុងការជួយលើវិស័យបរិស្ថាន និងធនធានធម្មជាតិ នោះទើបជាការជួយវិស័យនេះពិតប្រាកដ។
ជាមួយគ្នានេះ មន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ទ្វាររបស់ក្រសួងបរិស្ថានបើកចំហរជានិច្ច ហើយក្រសួងបរិស្ថានរីករាយ និងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានា នៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ជាថ្មីម្តងទៀត ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ បម្រើផលប្រយោជន៍ ជាតិនិងប្រជាជនកម្ពុជាពិតប្រាកដ និងដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕