(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នឹងពុំមានការប្រារព្ធមិទ្ទីងថ្នាក់ជាតិ និងថ្នាក់សាខា ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២១នោះទេ ដែលការផ្អាករៀបចំនេះ ចំនួនពីរឆ្នាំជាប់គ្នាហើយ (២០២០-២០២១) ដោយសារការរាលត្បាតជាសកលនៃជំងឺកូវីដ-១៩។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បើទោះពុំមានការប្រារព្ធមិទ្ទីងថ្នាក់កណ្ដាល ថ្នាក់សាខាក៏ដោយ ក៏កាកបាទក្រហមកម្ពុជានៅតែបន្ដស្វាគមន៍ការចូលរួមជាវិភាគទាន ពីសំណាក់សប្បុរសជនពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដូចបានធ្វើកាលពីឆ្នាំ២០២០កន្លងមក ទាំងនៅថ្នាក់កណ្ដាល និងថ្នាក់សាខា។
សម្រាប់ខួបលើកទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ គឺក្រោមប្រធានបទ «ទំាងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការកសាងភាពធន់របស់សង្គមជាតិ»។
ទន្ទឹមនឹងនោះ កាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានជួយឧបត្ថម្ភគំាទ្រយ៉ាងពេញទំហឹង ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាកន្លងមក។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន ស្តីពីខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១៖