(ភ្នំពេញ)៖ ទីតាំងចំនួន ២១កន្លែងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាឲ្យបើកឡើងវិញហើយ ក្រោយទីតាំងទាំងនោះបញ្ចប់ការធ្វើចត្តាឡីស័ក រួចរាល់។ នេះបើយោងតាមតារាងទីតាំង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
ទន្ទឹមនឹងអនុញ្ញាឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖
១៖ គោរពតាមវិធានការ ៣ការពារ និង៣កុំ
២៖ អនុវត្តវិធានការក្រសួងសុខាភិបាល
៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ដែលបង្ខំឲ្យទីតាំងជាច្រើន ត្រូវបានបិទជាបណ្តោះអាសន្ន ក្នុងន័យទប់ស្កាត់ការរីករាលដាលជំងឺនេះ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕
ទីតាំង ២១កន្លែង ដែលរដ្ឋបាលរាជធានីភ្នំពេញឲ្យបើកដំណើរការឡើងវិញមានដូចខាងក្រោម៖