(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្ដោះអាសន្នការចេញ-ចូល ទីតាំងមួយផ្នែកនៃភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលមានទីតាំងនៅក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដជាបន្ដបន្ទាប់ ហើយប៉ះពាល់ប្រជាពលរដ្ឋ១៣គ្រួសារ។

លិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក គួច ចំរើន បានសម្រេចថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩បន្ដទៀត រដ្ឋបាលខេត្តបានសម្រេចបិទតំបន់នោះជាបន្ទាន់ចាំបាច់ ពីផ្នែកខាងកើត និងផ្នែកខាងជើង សាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា មិត្តភាពកម្ពុជា ជប៉ុន ទៅដល់សងខាងផ្លូវរថភ្លើងផ្នែកខាងក្រោយសាលា រហូតដល់ផ្លូវរថភ្លើងលេខ២៦០ ដោយមិនអនុញ្ញាតឲ្យមានការចេញចូលតំបន់នោះបន្ដទៀតឡើយ។

បើតាមលោកអភិបាលខេត្ត ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ ដើម្បីធ្វើតេស្ដរកវីរុសកូវីដ១៩។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ជាបណ្ដោះអាសន្ន និងរៀបចំដាក់ជាតំបន់ចត្តាឡីស័ក ចាប់ពីថ្ងៃទី៣០ ខែមីនានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ហើយប្រជាពលរដ្ឋទាំងអស់ត្រូវតែយកសំណាកតេស្ដ និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕