(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចឲ្យបិទបណ្ដោះអាសន្នអគារស្នាក់នៅរបស់បុគ្គលិក ភោជនីយដ្ឋាន ជីនឌាន ហ្ស៉ីយី ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ដពីស្ដ្រីម្នាក់ ដែលបានស្នាក់នៅអគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋាន ជីនឌាន ហ្ស៉ីយី ហើយលទ្ធផលតេស្ដ វិជ្ជមានជំងឺកូវីដ១៩។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ គឺត្រូវឲ្យម្ចាស់ទីតាំងផ្អាកការចេញចូលបណ្ដោះអាសន្ន អគារស្នាក់នៅនោះបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងស្នាក់នៅក្នុងទីតាំងនោះចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ៕