(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» របស់សាជីវកម្មធានាឥណទានកម្ពុជា មានទំហំ២០០លានដុល្លារ។

ដំណើរការនៃគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ជាប្រតិបត្តិការដ៏សំខាន់ រួមចំណែកស្ដារជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងយ៉ាងដូច្នេះថា «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ជាប្រតិបត្តិការដ៏សំខាន់ ក្នុងការរួមចំណែកស្ដារជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ និងក្រោយវិបត្តិ ក៏នៅតែអាចអនុវត្តបានដែរ។ ការដាក់អនុវត្តន៍គម្រោងពេលនេះ ពិតជាចាំបាច់ និងមានសារៈសំខាន់ណាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលអាជីវកម្មរបស់ពួកគាត់ កំពុងទទួលរងផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ១៩ ហើយគម្រោងធានាឥណទាន នឹងផ្ដល់ឱកាសដល់ពលរដ្ឋអាចប្រើប្រាស់ ដើម្បីបង្កើត និងពង្រីកអាជីវកម្មផ្សេងទៀត»

ប្រធានសមាគមធនាគាររូបនេះបានពន្យល់យ៉ាងលម្អិត អំពីគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មនេះថា គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគ្រាសទូទៅនៅកម្ពុជា។ សំខានត្រង់ថា គម្រោងឥណទាននេះនឹងជួយដល់ សហគ្រាសដែលមានផែនការអាជីវកម្មត្រឹមត្រូវ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រីកមុខរបរ និងចាប់ផ្ដើមមុខរបរថ្មី តាមរយៈការប្រើប្រាស់សេវាធានាឥណទាន ដើម្បីស្ដារអាជីកម្មនេះ។

លោកបណ្ឌិតបានបញ្ជាក់ថា «ដើម្បីប្រើប្រាស់សេវាធានាឥណទានបាន ប្រជាពលរដ្ឋគ្រាន់តែដាក់ពាក្យស្នើសុំកម្ចី ដូចសេវាកម្មធម្មតាអីចឹងទៅកាន់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលពួកគាត់ចង់ខ្ចី បន្ទាប់មកខាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងវាយតម្លៃលើសាជីវកម្ម ឬអាជីវកម្ម វាយតម្លៃលើទ្រព្យធានា ប្រសិនបើទ្រព្យធានាគ្រប់គ្រាន់ធនាគារ នឹងផ្ដល់កម្ចីដូចរាល់ដង ប៉ុន្ដែបើទ្រព្យធានាមិនគ្រប់ ធនាគារនឹងពន្យល់ទៅកាន់អតិថិជន ក្នុងការប្រើប្រាស់សេវាធានាឥណទាននេះ»

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ បានថ្លែងថា ទុនប្រមាណ២០០លានដុល្លារ ដែលរាជរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់ លើគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម បានជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ថែមដល់ការផ្ដល់ឥណទាន ដល់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា។ អាជីវកម្មខ្នាតតូច និងមធ្យមនេះ ចាំបាច់ក្នុងការជំរុញធ្វើយ៉ាងណាឲ្យមានសន្ទុះ និងកំណើនសេដ្ឋកិច្ច អាជីវកម្មខ្នាតតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក។

លោកបន្ដថា ទុន២០០លានដុល្លារនេះ បានធ្វើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានលទ្ធភាពក្នុងការផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យមច្រើនជាងមុន។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា មានទំហំ២០០លានដុល្លារ។ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម៕