(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ បង្ហាញប្រវត្តិនៃការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃផ្សេងទៀត ពីសំណាក់មន្ដ្រីនគរបាលម្នាក់ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលទើបត្រូវបានរកឃើញកើតជំងឺកូវីដ១៩។

តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្ហាញថា មន្ដ្រីនគរបាលម្នាក់នោះ បានធ្វើដំណើរទៅទីតាំងផ្សេងៗជាច្រើនកន្លែង មានដូចជា ស្នងការដ្ឋាននគរបាលខេត្ត, អធិការដ្ឋាននគរបាលស្រុកមេមត់, ពេទ្យធ្មេញ អេ ឌេន ស្ថិតក្នុងស្រុកពញាក្រែក, មាត់ទន្លេសិប្បនិម្មិតខេត្តត្បូងឃ្មុំ, អាហារដ្ឋាន តាលី បឹងសាឡាង, អាហារដ្ឋាន ៧១ នៅជិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា មន្ដ្រីនគរបាលដែលកើតជំងឺកូវីដ១៩នេះ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយមនុស្សសរុប២២នាក់ ក្នុងនោះផ្ទាល់៨នាក់ និងប្រយោល១៤នាក់។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃនេះតទៅ៕