(ម៉ានីល)៖ សាខាអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅថ្ងៃពុធនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសហ្វីលីពីនដោយព្រមានថា ការកើនឡើងនេះ «កំពុងឆ្ពោះទៅរកខ្សែបន្ទាត់ពណ៌ក្រហម» ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
អគ្គនាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកវេជ្ជបណ្ឌិត តាក់កឺស៉ី កាសៃ (Takeshi Kasai) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអ៉ីនធើណែតថា «ករណីឆ្លងជំងឺ COVID-19 កើនឡើងលើសពីសមត្ថភាពគ្រប់គ្រង របស់ប្រព័ន្ធថែទាំសុខភាពហើយ។ យើងដឹងថា នៅពេលដែលយើងឆ្លងកាត់ខ្សែបន្ទាត់ពណ៌ក្រហមនោះ យើងដាក់បុគ្គលិកថែទាំសុខភាព នៅក្នុងស្ថានភាពលំបាកហើយ... ហើយនៅពេលដែលបុគ្គលិកថែទាំសុខភាព ចាប់ផ្តើមឆ្លងជំងឺ COVID-19 ដែរនោះ សមត្ថភាពរបស់ប្រពន្ធថែទាំសុខភាពនឹងធ្លាក់ចុះ»។
ជុំវិញបញ្ហានេះ លោក Kasai បានសង្កត់ធ្ងន់ពីភាពចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះជាបន្ទាន់ គឺយើងត្រូវពង្រឹងការតាមដានរកអ្នក ដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ និងតាមដានប្រព័ន្ធថែទាំបន្ថែម ក៏ដូចជាត្រូវអនុវត្តវិធានការការពារមួយចំនួនទៀត ដូចជាការពាក់ម៉ាស់ និងការលាងសម្អាតដៃឱ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្វីលីពីន គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៨១២,៧៦០ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៨១៧នាក់ ហើយយ៉ាងហោចណាស់ បុគ្គលិកពេទ្យ ១៦,១៨៥នាក់បានឆ្លងជំងឺនេះ គិតត្រឹមថ្ងៃទី០៥ ខែមេសា ដោយក្នុងចំណោមពួកគេនោះមាន ៨២នាក់បានស្លាប់៕