(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។
របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖
*ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ
*ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ
*ទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕