(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់ ខណៈវ៉ាក់សាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយ។
ការបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីភាពពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារជាង៧០០នាក់ ជាលើកដំបូង នៅមន្ទីពេទ្យព្រះកេតុមាលា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់ ខណៈថ្នាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយនោះ ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដទៃទៀតនោះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ»។
បើតាមសម្តេចរដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស២៥រាជធានី-ខេត្ត គឺមានចំនួនជាង ៨ម៉ឺននាក់។ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺធ្វើនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការប្រើពាក្យយុទ្ធនាការលើយុទ្ធនាការនេះ គឺក្រើនរម្លឹក និងលើកទឹកចិត្តចាក់វ៉ាក់សាំងដល់អតីតយុទ្ធជននៅក្នុង រាជធានីភ្នំពេញ និងនៅតាមកន្លែងមួយចំនួនទៀត។ សម្តេចពិជ័យសេនា បានបន្តថា ការចាក់វ៉ាក់សាំងនេះ គឺក្រសួងការពារជាតិបានយកចិត្តទុកដាក់ណាស់ និងបានដាក់ពាក្យស្លោកមួយថា «មានវ៉ាក់សាំងហើយ គឺយើងមិនឱ្យវ៉ាក់សាំងដេកស្ងៀមទេ គឺឱ្យវ៉ាក់សាំងចូលទៅទូលំទូលាយទៅមនុស្សទាំងឡាយដើម្បីឱ្យវាជួយការពារជំងឺដ៏កាចសាវហាវនេះ»។
ប្រមុខការពារជាតិ បានបញ្ជាក់ថា អតីតយុទ្ធជននៅទូទាំងប្រទេស២៥រាជធានី-ខេត្ត មានចំនួនជាង ៨ម៉ឺននាក់ នៅពេលនេះចាប់ផ្តើមការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជននៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្តមួយចំនួនបានទទួលការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អតីតយុទ្ធជន និងក្រុមគ្រួសារនៅតាមបណ្តាខេត្តឱ្យបានគ្រប់ៗគ្នា។
សម្តេចពិជ័យសេនា បានលើកឡើងថា ក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេស៊ីណូវ៉ាក់ ជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជននៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ត្រូវតែ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីការពារសុខភាពខ្លួនឯងការពារក្រុមគ្រួសារ និងសហគមន៍។
ដោយឡែកសម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ប្រមាណជិត១០០ភាគរយហើយ ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវដូសទី១ និងប្រមាណជិត ៨០ភាគរយ បានទទួលដូសទី២ ខណៈក្រុមគ្រួសាររបស់ពួកគេ (កងទ័ព) បានកំពុងដំណើរការជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕