(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងឱ្យដឹងថា បន្ទាប់ពីជួសជុលផ្នែកខ្លះនៃស្ពានព្រះមុនីវង្សចាស់រួចមក ក្រុមការងារនឹងបន្តការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ចាប់ពីម៉ោង ៨៖០០ នាទី ព្រឹកថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២១ ដូច្នេះប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរណ៍ទាំងពីរទិសជាបណ្តោះអាសន្ន។
កន្លងមក ការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ បានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។
ចំពោះមុខនេះ ក្រុមការងារនឹងបន្តការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ចាប់ពីម៉ោង ០៨៖០០ នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះ នឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។
ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះនឹងដាក់ឱ្យធ្វើចរាចរណ៍ទាំងពីរទិសជាបណ្តោះអាសន្ន។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ១ អាចពង្វាងចរាចរទៅផ្លូវក្រវាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅទីតាំងការដ្ឋានខាងលើផងដែរ៕