(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែមេសា បានចែកអំណោយដល់មន្រ្តីនៃសាលាខេត្ត ដែលអំណោយទាំងនោះជាការឧបត្ថម្ភរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប។

អំណោយដែលរដ្ឋបាលខេត្តសៀមរាបទទួលបាននៅពេលនេះ រួមមាន អង្ករ១៧តោន ២២០គីឡូក្រាម ថ្នាំOmega ២០០កំប៉ុង ,ថ្នាំVitamin.C ២០០កំប៉ុង និង អាល់កុល២០០ដប ជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ផ្តល់តាមរយៈលោក ទៀ សីហា អភិបាលខេត្ត ត្រូវបានប្រគល់ជូនដល់រដ្ឋបាលសាលាខេត្ត ដើមី្បផ្គត់ផ្គង់ជីវភាពដល់មន្ត្រី កម្មករសាលាខេត្ត ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩នេះ។

មានប្រសាសន៍សំណេះសំណាលនោះលោក ទៀ សីហា ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេច ពិជ័យសេនា ចំពោះបងប្អូនមន្ត្រីរាជការ កម្មករក្នុងសាលាខេត្ត ក៏ដូចមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ក្នុងពេលដែលជំងឺកូវីដ១៩ បានកំពុងរីករាលដាលនៅតាមបណ្តារាជធានី ខេត្តមួយចំនួន។ ដោយការមើលឃើញពីភាពខ្វះខាតរបស់ មន្ត្រីរាជការ និង កម្មករ សម្តេចបានផ្តល់ជាស្បៀង និងឱសថមួយចំនួន ដល់នាយករដ្ឋបាលសាលាខេត្ត យកទៅចែក ជូនដល់មន្ត្រី និងកម្មករ ដែលកំពុងបម្រើការងារនៅសាលាខេត្តសៀមរាប។

ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ត្រី កម្មករ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវ ៣កុំ ៣ការពារ ។ ម៉្យាងទៀតយើងគ្រប់គ្នា ក៏ត្រូវចូលរួមឲ្យបានជាប្រចាំក្នុងការប្រយុទ្ធ ប្រឆាំងបង្កាទប់ស្កាត់ កុំឲ្យមានឆ្លងរីករាលដាលជំងឺកូវីដជាសហគមន៍។

លោកបានបន្តទៀតថា ទោះបីខេត្តសៀមរាបយើង ពុំមានការឆ្លងជំងឺកូវីដ១៩ ជាសហគមន៍ក៏ពិតមែន តែយើងក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពីព្រោះថាជំងឺកូវីដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដនោះ ។

ក្នុងនាមតំណាងមន្ត្រីរាជការ កម្មករសាលាខេត្ត លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត ក៏បានធ្វើការថ្លែង អំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់សម្តេចពិជ័យសេនា និងលោកស្រី ក៏ដូចលោកអភិបាលខេត្ត និងលោកស្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីទុក្ខលំបាករបស់មន្ត្រីរាជការ កម្មករសាលាខេត្ត ក្នុងពេលកំពុងជួបនូវ វិបត្តិជំងឺកូវីដ១៩៕