(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា លោកបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍ នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿន ជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។
តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល (គណៈកម្មការចំពោះកិច្ច) ក្រសួង-ស្ថាប័នពាក់ពាន់ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ច ចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះ ដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន កញ្ចប់ទស្សនិច្ចនេះអាចមានការងារច្រើន ដែលត្រូវពិភាក្សាដោយហ្មត់ចត់ ក្នុងនោះរួមមាន៖
១៖ ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ( Build Trust and Confident)
២៖ គុណភាព សេវាកម្ម និងតម្លៃសមរម្យ
៣៖ ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍សុខាភិបាលផង និងភាពងាយស្រួលផង។
លោកបានបន្តថា ករណីនេះ អាចជាការចាប់ផ្តើមពិភាក្សាគ្នាអំពីការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ទេសចរ ដែលបានចាក់វ៉ាក់សាំងហើយមុន ពិសេសសម្រាប់ទេសចរដែលធ្វើដំណើរតាមជើងយន្តហោះត្រង់ មិនមាន Transit ឬអាចពិចារណាតាមជើងរថយន្តពីប្រទេសជិតខាងផងដែរ។
លោក ថោង ខុន បានបញ្ជាក់ទៀតថា អ្វីដែលបានគិតគូរនេះ គឺស្របជាមួយនឹងការអនុវត្តផែនការសកម្មភាពនៃ «ផែនទីចង្អុលផ្លូវសម្រាប់ស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ១៩» ដែលរាជរដ្ឋាភិបាលទើបបានអនុម័តថ្មីៗនេះផងដែរ៕