(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យក្នុងរយៈពេល២សប្តាហ៍នៅតាមគោលដៅនីមួយៗ។
លោកអភិបាលខេត្ត បានណែនាំដូច្នេះ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកអភិបាលខេត្ត បានបញ្ចាក់ថា គ្រប់បញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានដាក់គោលដៅត្រួតពិនិត្យនៅស្រុក-ក្រុងទាំង៨ ដែលមានព្រំប្រទល់ជាប់ខេត្តផ្សេងៗ មានចំនួន២៣ គោលដៅគឺ៖ ស្រុកបាធាយ ២គោលដៅ, ស្រុកជើងព្រៃ ១គោលដៅ , ស្រុកស្រីសន្ធរ ៥គោលដៅ, ស្រុកកងមាស ២គោលដៅ, ក្រុងកំពង់ចាម ១គោលដៅ, ស្រុកកោះសូទិន២គោលដៅ, ស្រុកចំការលើ ៤គោលដៅ ស្រុកស្ទឹងត្រង់ ៥គោលដៅ។
លោក អ៊ុន ចាន់ដា បានបន្តថា បញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវអនុវត្តតាមសេចក្តីណែនាំចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ តាមគោលដៅ ព្រំប្រទល់ខេត្តនឹងខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយ ពិសេសពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់ខ្លួន៕