(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រសួងសុខាភិបាលចេញថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានបង្ហាញពីករណីវិជ្ជមានជំងឺកូវីដ១៩ លើបុគ្គលម្នាក់ រស់នៅភូមិបុស្ស ឃុំមេសប៊ូក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

រដ្ឋបាលខេត្តបានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០២១កន្លងទៅ បុរសឈ្មោះ អន រាត្រី អាយុ៣៣ឆ្នាំ បានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូដ-១៩ នៅកន្លែងធ្វើការក្នុងកាស៊ីណូបាវិត-ម៉ុកបាយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ហើយក្រុមការងារបានយកវត្ថុវិភាគសំណាកលើកទី១ លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកលើកទី២ នៅអតីតយានដ្ឋាន Mr.SO ក្រុងបាវិត ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៤នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាក និងដាក់ធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីតាមដានសុខភាព។ ចំពោះទីតាំងផ្ទះឈ្មោះ អន យ៉ុង ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិបុស្ស ឃុំមេសប៊ូក ស្រុកចន្ទ្រា ត្រូវបានរៀបចំជាកន្លែងចត្តាឡីស័ក។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ៕