(កណ្ដាល)៖ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា កម្លាំងនគរបាលនឹងបញ្ជូនបុរសដែលល្មើសនឹងបម្រាម ស្រវឹងរកវាយមេភូមិ ទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យរូបនេះ ឈ្មោះ ស៊ូ ម៉េងសែ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ របស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិថែមទៀត ដែលកើតឡើងភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ពេលដែលលោកមេភូមិក្រពើហារ និងប្រជាការពារ កំពុងតែអង្គុយយាមនៅផ្លូវចេញចូលភូមិ ដោយចងខ្សែហាមមិនឲ្យប្រជាពលរដ្ឋចេញចូលបើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ ពេលនោះ ស្រាប់តែឃើញជនសង្ស័យ ក្នុងស្ថានភាពស្រវឹងជិះម៉ូតូមកដល់ហើយ លោកមេភូមិបានសួរ និងធ្វើការណែនាំ តែជនសង្ស័យមិនព្រមស្តាប់ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យជាច្រើន ថែមទាំងនិយាយទៀតថា នៅតាខ្មៅនេះ គ្មានប៉ូលីសណាធ្វើអីគាត់ទេ ពីព្រោះគាត់គ្មានកំហុសអីទេ ថែមទាំងប្រមាថរកវាយមេភូមិទៀតផង ទើបមេភូមិរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕