(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ក្រោយទទួលបានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងការយកសំណាកនៅតំបន់ក្រហមនោះ នៅពេលនេះ ក្រសួងសុខាភិបាល និងសាលារាជធានី នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅជិតលំនៅដ្ឋានរបស់បងប្អូនទាំងឡាយណា ដែលពិបាកធ្វើដំណើរចេញមកក្រៅ និងមកកាន់កន្លែងយកសំណាកដែលអាជ្ញាធររៀបបានត្រៀមរៀបចំ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សម្រាប់ជនពិការ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូន អ្នកមើលថែទារក និងអ្នកដែលមានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរមកកាន់កន្លែងយកសំណាកបាននោះ ខាងក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅកន្លែងពួកគាត់ ពោលនៅជិតលំនៅដ្ឋានផ្ទាល់តែម្តង ដើម្បីជួយសម្រួលដល់ពួកគាត់។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពីការប្រមូលសំណាករបស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម»។
ក្រោយការប្រកាសរបស់សាលារាជធានីភ្នំពេញខាងលើនេះ ក៏មានការលើកឡើងជាច្រើនរបស់ប្រជាពលរដ្ឋនៅតំបន់ក្រហមនោះផងដែរថា ខ្លះពួកគាត់រស់នៅក្នុងបុរីមួយដែលនៅដាច់ដោយឡែក គ្រាន់តែស្ថិតនៅតំបន់ក្រហម ហើយមិនមានការផ្ទុះ ករណីកូវីដនោះឡើយ ហើយបើពួកគាត់ទាំងអស់ទៅយកសំណាក ពួកគាត់គិតពីការមានហានិភ័យខ្ពស់ជាក់ជាមិនខាន ដោយសារនៅកន្លែងយកសំណាកគឺប្រមូលទៅដោយមនុស្សច្រើន។
ជាមួយគ្នានេះក៏មានការលើកឡើងថា គ្រួសារខ្លះពួកគាត់មិនដែលបានចេញពីផ្ទះនោះឡើយចាប់តាំងពីការផ្ទុះជំងឺមួយនេះ ដោយបានចូលរួមជាមួយអាជ្ញាធរយ៉ាងមានប្រសិទ្ធភាព ដូច្នេះបើឲ្យពួកគាត់ទៅយកសំណាកនោះ នឹងធ្វើឲ្យមានការបារម្ភនៃការចម្លងមេរោគមកវិញ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖
* ទី១៖ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ
* ទី២៖ ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា
* ទី៣៖ វិហារព្រះយេស៊ូ ទំល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖
* ទី១៖ សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង
* ទី២៖ ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១
* ទី៣៖ ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។
ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕