(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរិ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងនាមជាតំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់, លោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលតំណាងដោយឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលសមាជិកក្រុមហ៊ុន/រោងម៉ាស៊ីនកិនស្រូវ ចំនួន៦៥ បានស្ម័គ្រចិត្តរួមគ្នាផ្តល់ជំនួយឧបត្ថម្ភជាអង្ករ ចំនួន ១០០ តោន ជូនគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ សម្រាប់ចែកជូន ប្រជាជនក្រីក្រ ដែលជួបការលំបាកនៅក្នុងអំឡុងពេលបិទខ្ទប់។
អង្ករទាំង១០០តោន នេះ ត្រូវបានប្រគល់ជូនបន្តទៅគណ:អភិបាលរាជធានីភ្នំពេញ ដែលមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដើម្បីចាត់ចែងផ្តល់ជូនគ្រួសារប្រជាជនក្រីក្រ នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករជំនួយចំនួន ១០០ តោននេះ គឺកើតចេញពីទឹកចិត្តសប្បុរសធម៌ និងការគាំទ្ររបស់បងប្អូនធុរកិច្ចជន និងភាគីពាក់ព័ន្ធ នៅក្នុងវិស័យស្រូវអង្ករចំនួន៦៥ស្ថាប័ន រួមមាន ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ ធនាគារ ក្រុមហ៊ុនវេចខ្ចប់ ក្រុមហ៊ុនត្រួតពិនិត្យគុណភាព និងក្រុមហ៊ុនភស្តុភារដឹកជញ្ជូនជាដើម សម្រាប់ប្រគល់ជូនរាជរដ្ឋាភិបាល ដែលតែងតែជួយទំនុកបម្រុងដល់វិស័យស្រូវអង្កកម្ពុជា ហើយដោយបានយល់ច្បាស់នូវភាពប្រាកដប្រជា និងគត់មត់នៃគោលនយោបាយគាំពារ និងជួយដល់ប្រជាជនដែលខ្វះខាត របស់ប្រមុខរាជរដ្ឋាភិបាល។
សហព័ន្ធបន្តថា ការផ្តល់ជំនួយនៅថ្ងៃនេះ គឺជាផ្នែកមួយបន្ថែមលើវិធានការនានា ដែលសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការធ្វើចលនាឱ្យមាននូវការផ្គត់ផ្គង់អង្ករ ជាមួយនឹងតម្លៃសមរម្យដល់បងប្អូនដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ដូចដែលមាននៅក្នុងសេចក្តីប្រកាសរួមរវាងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ និងចលនាលក់បញ្ចុះថ្លៃ ពី ១០០០០ រៀល ទៅ ២០០០០រៀល ក្នុងមួយបេ ៥០គីឡូក្រាម ពីលើតម្លៃគោលជាដើម ជាលទ្ធផល ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អង្ករចំនួន ២០០០តោន ត្រូវបានផ្គត់ផ្គង់ ក្នុងតម្លៃសមរម្យជូនប្រជាជនក្នុងតំបន់បិទខ្ទប់ ហើយនឹងបន្តនូវការផ្គត់ផ្គង់រហូតដល់មានដំណើរការសេដ្ឋកិច្ចជាប្រក្រតីឡើងវិញ៕