(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យមើលកសិដ្ឋានមាគ៌ាជលសា ជាកន្លែងចិញ្ចឹមកង្កែប ត្រី ខ្យង របស់លោក រី វុទ្ធី រស់នៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ។

ក្នុងដំណើរជាមួយគ្នានេះផងដែរ ក៏បានបន្តទៅពិនិត្យសហគមន៍របស់ប្រជាកសិករ ដាំបន្លែសរីរាង្គសុវត្ថិភាពយ៉ាងស្រស់បំព្រងនៅទួលត្រពាំង ស្ថិតក្នុងភូមិត្រាពាំងស្រែលិច ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នៅឱកាសចុះជួបកសិករលោក អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព អនាម័យតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

លោកក៏បានស្នើដល់ប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

លោក ជា សុមេធី ក៏បានលើកទឹកចិត្តប្រជាកសិករដាំបន្លែ ដោយជួយឧបត្ថមរោងដាក់បន្លែ១០ម៉ែត្រ គុណ២៥ម៉ែត្រ សម្រាប់លាង ដើម្បីរក្សាគុណភាពរង់ចាំអតិថិជនមកប្រមូលទិញយកទៅលក់នៅតាមទីផ្សារផងដែរ៕