(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់បណ្តាល ឱ្យប៊ើង និងរបើកដំបូលផ្ទះ សាលាឃុំ ព្រះវិហារ កុដិវត្តចំនួន២ និងផ្ទះប្រជាពលរដ្ឋ ៧២ខ្នង កាលពីរសៀលថ្ងៃទី២៣ ខែមេសា។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុដែលកើតឡើងដោយមិននឹកស្មានដល់ បង្កឱ្យមានការខូចខាត លំនៅដ្ឋានរបស់បងប្អូនបែបនេះ។
លោក អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបជនរងគ្រោះ ជនងាយរងគ្រោះដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលាផងដែរ។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យខាងតែបាននូវ វិធានការ «៣កុំ និងការពារ» និង ២ចូលរួម ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសារណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លង កុំឱ្យជំងឺកូវីដ-១៩នេះ រាតត្បាតចូលក្នុងគ្រួសារ និងសហគមន៍។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៧២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូកក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ឃីត ១កញ្ចប់ មាន (មុង១ ភួយ១ សារុង១ ក្រមា១) និងអាវយឺត២។
ជាមួយគ្នានោះដែរ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកកំពង់សៀម-ជើងព្រៃ ក៏បានផ្តល់ថវិកា ជូនចំពោះអ្នកដែលខូចខាតធ្ងន់ចំនួន ៩គ្រួសារ, ខូចខាតមធ្យមចំនួន ២៧គ្រួសារ និងអ្នកខូចខាតស្រាល ចំនួន ៣៦គ្រួសារទទួលបានថវិកា តាមទំហំខូចខាតជាក់ស្តែងដែលអស់ទឹកប្រាក់សរុប ៣១,៣៧៤,៩០០រៀលផងដែរ។