(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន១.០០០គ្រួសារ មកពីសង្កាត់ទាំង៨ នៃខណ្ឌច្បារអំពៅ។
ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅលើផ្លូវលេខ៣៦៩ ជាប់ផ្សារបន្លែច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៥០នាក់ប៉ុណ្ណោះ ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព ល្អប្រសើរ។ ចំពោះប្រជាពលរដ្ឋជាង៧០០គ្រួសារទៀត អាជ្ញាធរច្បារអំពៅជាអ្នកចែកបន្ត។
លោក ឃួង ស្រេង បានថ្លែងថា ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូនជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត «៣ការពារ ៣កុំ» ជាប់ជានិច្ច។
លោក ឃួង ស្រេង បន្តទៀតថា «បើបងប្អូនមានអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលឲ្យបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩ បាន នោះរដ្ឋាភិបាលនិងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនិងជម្ងឺកូវីដ-១៩ នោះកម្ពុជាយើងនឹងដំណើរការប្រសើរឡើងវិញ ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើងវិញព្រមៗគ្នាផងដែរ»។
លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា មានជនអគតិមួយចំនួនបានតែស្រែក ពេលមានបញ្ហាលំបាក មិនដែលឃើញមុខពួកគេនោះ ចុះមកជួយប្រជាពលរដ្ឋទេ មានតែសម្ដេចតេជោទេ ដែលបាននៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក៏ដោយ។
ជាក់ស្តែងសម្រាប់សភាពការណ៍ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ចែងឱ្យ អាជ្ញាធរចុះចែកគ្រឿងឧបភោគ បរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ នៅតំបន់ត្រូវបិទខ្ទប់ និងចុះសុខទក្ខប្រជាពលរដ្ឋជាប្រចាំ បើមានការខ្វះខាតអ្វីយើងជួយពួកគាត់បានភ្លាមតែម្តង ដោយមិនទុកអោយពួកគាត់អត់បាយឡើយ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ មានជីវភាពខ្វះខាតខាងលើនេះ មានចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំង៨ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរ៕