(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយពីសប្បុរសជនមិត្តល្អ ដឹកនាំដោយលោក មួង ដារ៉ា ដែលបាននាំយកអំណោយឧបត្ថម្ភជាមានដូចជា៖ អង្ករចំនួន១០តោន និង ត្រីខចំនួន៥០កេសធំ ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនមិត្តល្អ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្តាល ដែលត្រូវការចាំបាច់កំឡុងពេលកំពុងបិទខ្ទប់ក្រុងតាខ្មៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តកណ្តាល ឱ្យទទួលបានជោគជ័យ។
អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុននានានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការចូលរួម បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តកណ្តាលបន្តទៀត៕