(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យគោលដៅដែលរៀបចំឡើងដោយកងពលតូចលេខ៧០ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ជូនកងទ័ព និងគ្រួសារកងទ័ព នៅខណ្ឌទួលគោក (សាលាមត្តេយ្យទួលគោក) និងខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ)។
ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកតាមបណ្ដាគោលដៅទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសវិធានការសុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឱ្យពាក់ម៉ាសឱ្យបានគ្រប់គ្នា ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានឡើង។
សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្តាខណ្ឌដូចជា៖
* ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
* ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
* ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
* ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
* ខណ្ឌបឹងកេងកង វិទ្យាល័យ ជា ស៊ីម បឹងកេងកង
*ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ)
* ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២
សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិននេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ តទៅ៕