(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញ ចុះពិនិត្យគោលដៅ ច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ច ជូនអភិបាលរងរាជធានី ត្រួតពិនិត្យទីតាំងការងារយកសំណាក ក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន៣២ភូមិ (ទីតាំងយកសំណាក) ដើម្បីជំរុញការងារយកសំណាក ឲ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាពសុវត្ថិភាព ហើយឈានទៅរកការកាត់ផ្ដាច់ ការរីករាលដាល នៃមេរោគកូវីដ១៩។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពីការប្រមូលសំណាករបស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម»។
ក្រោយការប្រកាសរបស់សាលារាជធានីភ្នំពេញខាងលើនេះ ក៏មានការលើកឡើងជាច្រើនរបស់ប្រជាពលរដ្ឋនៅតំបន់ក្រហមនោះថា ពួកគាត់ខ្លះរស់នៅក្នុងបុរីមួយមួយចំនួនដែលនៅដាច់ដោយឡែក គ្រាន់តែស្ថិតនៅតំបន់ក្រហម ហើយមិនមានការផ្ទុះករណីកូវីដនោះឡើយ។ បើពួកគាត់ទាំងអស់ទៅយកសំណាក ពួកគាត់គិតពីហានិភ័យខ្ពស់ជាក់ជាមិនខាន ដោយសារនៅកន្លែងយកសំណាកគឺប្រមូលទៅដោយមនុស្សច្រើន។
ជាមួយគ្នានេះក៏មានការលើកឡើងថា គ្រួសារខ្លះពួកគាត់មិនដែលបានចេញពីផ្ទះនោះឡើយចាប់តាំងពីការផ្ទុះជំងឺមួយនេះ ដោយបានចូលរួមជាមួយអាជ្ញាធរយ៉ាងមានប្រសិទ្ធភាព ដូច្នេះបើឲ្យពួកគាត់ទៅយកសំណាកនោះ នឹងធ្វើឲ្យមានការបារម្ភ នៃការចម្លងមេរោគមកវិញ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖
* ទី១៖ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ
* ទី២៖ ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា
* ទី៣៖ វិហារព្រះយេស៊ូ ទំល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖
* ទី១៖ សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង
* ទី២៖ ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១
* ទី៣៖ ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។
ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ក្រោយទទួលបានការលើកឡើង ជាច្រើនពាក់ព័ន្ធនឹងការយកសំណាក នៅតំបន់ក្រហមនោះ នៅពេលនេះ ក្រសួងសុខាភិបាល និងសាលារាជធានី នឹងបញ្ជូនក្រុមគ្រូពេទ្យ ទៅយកសំណាកនៅជិតលំនៅដ្ឋានរបស់បងប្អូនទាំងឡាយណា ដែលពិបាកធ្វើដំណើរចេញមកក្រៅ និងមកកាន់កន្លែងយកសំណាកដែលអាជ្ញាធររៀបបានត្រៀមរៀបចំ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សម្រាប់ជនពិការ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូន អ្នកមើលថែទារក និងអ្នកដែលមានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរមកកាន់កន្លែងយកសំណាកបាននោះ ខាងក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅកន្លែងពួកគាត់ ពោលនៅជិតលំនៅដ្ឋានផ្ទាល់តែម្តង ដើម្បីជួយសម្រួលដល់ពួកគាត់៕