(ភ្នំពេញ)៖ ដើម្បីចូលរួមជួយសម្រួលដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងកំពុង តែប្រឈមខ្លាំងនឹងជំងឺកូវីដ១៩ អនុគណៈកម្មការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនត្រឹមតែបានចាក់វ៉ាក់សាំងជូនដល់មន្ត្រី ក្រោមឱវាទក្រសួងតែប៉ុណ្ណោះទេ ថែមទាំងបានបើកឱកាសឱ្យប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ បានចូលចាក់វ៉ាក់សាំងផងដែរ។
តាមរយៈវីដេអូប្រមាណ២នាទី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយ មានការរៀបចំសណ្ដាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព បានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងត្រឹមត្រូវនោះ ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ ដែលបានទៅទទួលវ៉ាក់សាំងរួច បានកោតសរសើរគ្រប់ៗគ្នាដោយបានបញ្ជាក់ថា ការរៀបចំទីធ្លារបានស្អាតល្អ ការរក្សាគម្លាតបានត្រឹមត្រូវ ធ្វើឱ្យពួកគាត់មានទំនុកចិត្ត និងអ្វីដែលកាន់តែល្អនោះគឺការចាក់វ៉ាក់សាំងបានឆាប់រហ័សដោយមិនរង់ចាំយូរ។
តាមរយៈវីដេអូដដែលនេះ ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ បានបង្ហាញពីការកោតសើរចំពោះការរៀបចំចាក់វ៉ាក់សាំងនេះ និងបានអំពាវនាវដល់ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ ដែលមិនទាន់បានការចាក់វ៉ាក់សាំងដូសទី២ អាចទៅទទួលការចាក់វ៉ាក់សាំងនៅក្រសួងសាធារណការបាន ដោយសារទីតាំងនេះដែរ គឺមានទីធ្លារធំល្អស្អាត ជាមួយនឹងការរៀបចំ សណ្ដាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព បានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ក្រសួងនៅតែបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ដល់បុគ្គលិក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងសាធារណការ និងប្រជាពលរដ្ឋក្នុងពីខណ្ឌឬស្សីកែវ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ដោយចាប់ផ្តើមបើកដំណើរការពេលព្រឹកចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ១១៖០០ និងពេលរសៀលចាប់ពីម៉ោង ២៖០០ ដល់ម៉ោង៤៖ ៣០ល្ងាច។
អ្នកនាំពាក្យវ័យក្មេង លោក ហ៊ាង សុទ្ធាយុត្តិ តំណាងឱ្យក្រសួងសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋពេលទៅទទួលវ៉ាក់សាំង ត្រូវមានការរក្សាគម្លាត និងមានអនាម័យឱ្យបានត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះក៏បានសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តអនុវត្តវិធាន សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានក្នុងពេលឆាប់ៗនេះផងដែរ៕