(សៀមរាប)៖ នៅថ្ងៃទី២៧ ខែមេសា នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកចេញ-ចូលឡើងវិញ នូវទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតនៅក្នុងក្រុងសៀមរាប ដែលកន្លងមកទីតាំងទាំងនេះ ធ្លាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។
តាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលសារព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា ទីតាំងដែលបើកឲ្យចេញ-ចូលឡើងវិញនេះ គឺជាកន្លែងជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៉ឹង ខៃលី ភេទប្រុស មុខរបរអ្នកលក់គ្រឿងក្រអូប នៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ ហើយដែលអាជ្ញាធរបានស្រាវជ្រាវ និងបិទកាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះ វិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។
យ៉ាងណាក្ដី រដ្ឋបាលខេត្ត បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ជាប់ជានិច្ច ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍៕