(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅពេលថ្មីៗកន្លងមកនេះ ពាក់ព័ន្ធជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់។

ការបន្តអំពាវនាវបែបនេះ ខណៈលោក ជាវ តាយ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខសំណេះសំណាល ក្នុងពិធីប្រារពបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃមហាមង្គល នៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង តាមបែបសាសនា ដែលរៀបចំជួបជុំពុទ្ធបរិស័ទ ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តជុំគ្រៀល ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោក ជាវ តាយ បានបញ្ជាក់ថា ការប្រារព្ធបុណ្យវិសាខបូជានៅឆ្នាំនេះ គឺមិនអាចជួបជុំគ្នាច្រើនដូចឆ្នាំមុនៗនោះទេ មានលក្ខណៈតូចចង្អៀត ដោយប្រុងប្រយ័ត្ន អនុវត្តតាមវិធានការសុខាភិបាល ក៏ដូចជាយើងទាំងអស់គ្នា ចូលរួមនូវការទប់ស្កាត់ និងការការពារ ពាក់ព័ន្ធជុំវិញជំងឺរាលដាលកូវីដ១៩នេះ។ ម្យ៉ាងវិញទៀត ស្នើដល់អ្នកចូលរួមក្នុងពិធីបុណ្យវិសាខបូជានេះទាំងអស់ ត្រូវតែអនុវត្តនូវវិធានការសុខាភិបាល ពិសេសការរៀបចំកន្លែងអង្គុយ បានរក្សាគម្លាតសុវត្ថិភាព យ៉ាងត្រឹមត្រូវ។

ក្នុងពិធីប្រារព្ធនៅលើ លោក ជាវ តាយ និងលោកស្រី លាង ហៃម ជាវតាយ ព្រមទាំងព្រះតេជគុណ ញ៉ែត ច័ន្ទតារា ព្រះមេគុណខេត្ត បានសម្ដែងទឹកចិត្តព្រះទ័យជ្រះថ្លា អនុមោទនា និងចែករំលែកបុញ្ញកុសលផលបុណ្យ ជូនដល់ជនរួមជាតិ និងប្រជាពលរដ្ឋក្នុងទូទាំងខេត្តកំពតទាំងអស់ និងឧទ្ទិសបួងសួងសូមឲ្យជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ។

ពិសេសសូមឲ្យចាកផុតពីជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ ឲ្យបានល្អប្រសើរឡើងវិញ និងរួមគ្នាបន្តការអភិវឌ្ឍខេត្ត និងប្រទេសជាតិកាន់តែមានភាពរីកចម្រើនថែមទៀត នៅក្រោមម្លប់នៃសុខសន្តិភាព និងគោលនយោបាយដឹកនាំដ៏ភ្លឺស្វាង របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ក៏បានអំពាវនាវជាថ្មីម្ដងទៀត ដល់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ត្រូវរួមគ្នាអត់ធ្មត់ ចំពោះស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន និងសហការចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩ កុំឲ្យឆ្លងរាលដាលនៅតាមសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពត ពិសេសអនុវត្តវិធានការ (៣ការពារ និង៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ជំងឺ ដ៏កាចសាហាវនេះឲ្យមានប្រសិទ្ធភាព និងសូមប្រជាពលរដ្ឋចំណូលថ្មី ក្នុងមូលដ្ឋានត្រូវរាយការណ៍ ដល់អាជ្ញាធរ ឬជំនាញពាក់ព័ន្ធ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល។

ក្នុងឱកាសនាពេលនោះ លោក ជាវ តាយ និងភរិយា រួមនឹងសហការីពុទ្ធបរិស័ទ ក៏បានប្រគេនបច្ច័យ ដល់ព្រះសង្ឃក្នុងពិធីបុណ្យ មានចំនួនសរុបជាង៦លានរៀល និងជូនថវិកា ដល់លោកយាយ លោកតាចាស់ៗ សរុបចំនួនជាង២លានរៀល និងឧបត្តម្ភដល់កងកម្លាំង ដែលចូលរួមនោះ នូវថវិកាចំនួន ១លាន៦០ម៉ឺនរៀល៕