(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី សមាជិកសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ម៉ឺនសហរដ្ឋអាមេរិក ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវ ជាច្រើនរូបទៀត។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ា ម៉ុង ប្ញទ្ធី និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយcovid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីអោយពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។
អ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងថា ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលលោកឧកញ៉ាបានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ ។
អ្នកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី បានបញ្ជាក់ផងដែរថា ការបង្វែរថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងធ្វើការចាត់ចែងជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។
អ្នកឧកញ៉ា ម៉ុង ប្ញទ្ធី បានបញ្ជាក់ផងដែរថា ក្រោយពី រួមគ្នា គ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ។
គួរបញ្ជាក់ថា ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះមាន ចំនួន ៣០២.២៥០ដុល្លារ បានមកពីការកៀងគរពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវចំនួន៧៤រូប៕