(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា លីមីតធិត) បានឧបត្ថម្ភផលិតផលអនាម័យចាំបាច់ ប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការគាំទ្រដល់កិច្ចការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការដោះបញ្ហាដល់ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានឧបត្ថមជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។
លោកថា «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ១៩»។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុនយូនីលីវើ បានសំដែងការកោតសរសើរ និងគាំទ្រពេញទំហឹង ដែលរដ្ឋបាលភ្នំពេញខិតខំប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ និងការពារប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព។ ក្រុមហ៊ុនគឺជាសមាជិកមួយជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកំពស់អនាម័យផ្ទាល់ខ្លួន ដោយលាងដៃអោយបានត្រឹមត្រូវ ការទទួលទានអាហារបានគ្រប់គ្រាន់ដែលសំបូរជីវជាតិ។ ក្រុមហ៊ុនប្តេជ្ញាជួយជាបន្តបន្ទាប់ នូវផលិតផលរបស់ក្រមហ៊ុនសំខាន់ដល់ រដ្ឋបាលរាជធានីភ្នំពេញ បន្តបន្ទាប់ទៀត ដើម្បីគាំទ្រដល់ការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕