(កំពង់ឆ្នាំង)៖ ពីរនាក់ប្ដីប្រពន្ធធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញ បានមកស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ហើយបុរសជាប្តីត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ខណៈដែលស្ត្រីជាប្រពន្ធលទ្ធផលអវិជ្ជមាន ក្រោយធ្វើតេស្តតាមឧបករណ៍រហ័ស។

លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលារប្អៀរ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ២នាក់ប្ដីប្រពន្ធខាងលើនេះធ្វើការជាកម្មកររោងចក្រកាត់ដេរមួយ កន្លែងនៅភ្នំពេញ និងបានមកដល់ស្រុកកំណើតដែលឋិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីពួកគេបានមកដល់ផ្ទះ រយៈពេលជាង២ម៉ោងក្រោយមកពួក គេក៏បានទូរស័ព្ទទៅម្ដាយនៅឯភូមិគៀនតាម៉ា ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យម្ដាយយកកូនស្រី ពីរនាក់ ដែលកូនស្រីបងអាយុ៤ឆ្នាំ កូនស្រីប្អូនអាយុ២ឆ្នាំ ដែលបានផ្ញើទុកនៅ នឹងម្ដាយពេលពួកគេទៅធ្វើការនៅភ្នំពេញ ឱ្យយកមកផ្ទះនៅឯភូមិព្រៃខ្មែរ។ ពេលម្ដាយយកកូនមកដល់ផ្ទះ នៅឯភូមិព្រៃខ្មែរ ភ្លាមនោះ ដោយនឹករលឹកកូនខ្លាំងពេក គ្រាន់តែឃើញកូនភ្លាមម្តាយក៏ស្ទុះទៅស្រវាអោបកូនទាំងពីរជាប់នឹងដៃមិនចង់ឱ្យរបូតឡើយ ដោយមិនបាននឹកឃើញអ្វីទាំងអស់។

ខណៈនោះរថយន្តរបស់មន្ទីរសុខាភិបាលខេត្ត ក៏បានមកដល់ដំណាលគ្នាផងដែរ។ បន្ទាប់ពីពួកគេទាំងពីរនាក់ប្ដីប្រពន្ធឡើងរថយន្តទៅធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង កូនស្រីរបស់ពួកគេទាំង២ នាក់ក៏ត្រូវបានម្ដាយយកត្រឡប់ទៅផ្ទះឯភូមិគៀនតាម៉ា វិញទាំងយប់។

លោកអធិការបានបញ្ជាក់បន្ថែមថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះ ប្ដីមានទីលំនៅភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចំណែកប្រពន្ធ មានទីលំនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ បច្ចុប្បន្នអ្នកដែលបានពាក់ព័ន្ធជាមួយនឹងប្ដីប្រពន្ធ ២នាក់ខាងលើនេះ សរុបមានចំនួន ២០នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះ ប្តីឈ្មោះ សំ សុភារិទ្ធ អាយុ២៥ឆ្នាំ ពួកគេមានកូនស្រី២នាក់ និងមានទីលំនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការជាកម្មកររោងចក្រកាត់ដេរមួយកន្លែងឈ្មោះរោងចក្រ T.L ដែលរោងចក្រនេះមានទីតាំងស្ថិតនៅកំបូល រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានថា ពួកគេពីរនាក់ប្ដីប្រពន្ធចេញពីភ្នំពេញមកដល់ផ្ទះពួកគេ ដែលមានអាស័យដ្ឋានដូចខាងលើ ជាង៥ម៉ោងក្រោយមក ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តបានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដឹកយកពីរនាក់ប្ដីប្រពន្ធមកដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំងជាបន្ទាន់ផងដែរ។

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលក៏បានយកសំណាកទាំងពីរនាក់ប្ដីប្រពន្ធ ទៅពិនិត្យលុះនៅថ្ងៃទី២ ខែឧសភា បុរសជាប្តីលទ្ធផល វិជ្ជមាន រីឯស្ត្រីជាប្រពន្ធ អវិជ្ជមាន។ ដោយឡែកកូនស្រីទាំងពីរនាក់ក៏ត្រូវឱ្យយកមកពិនិត្យសំណាកជាចាំបាច់ ព្រោះពួកគេបានមកប៉ះពាល់ដោយផ្ទាល់ជាមួយឪពុកម្ដាយ៕