(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ ជំហានទី១។
ក្រសួងអប់រំបានបញ្ជាក់ថា ស្របតាមការសម្រេចចិត្តនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានី ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា និងក្រុមយុវជនស្ម័គ្រចិត្តដទៃទៀត រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី១ ដែលបានចាប់ផ្តើម ដោយភាពរលូនតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូ អភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប ១៥៨,០០០ នាក់៕