(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរូបគាត់មានអាការៈមិនស្រួលខ្លួនខ្លាំង ក៏បានជិះម៉ូតូឌុបប្រពន្ធមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសុំពិនិត្យសំណាក ហើយត្រូវបានគ្រូពេទ្យរកឃើញបុរសជាប្ដីវិជ្ជមានកូវីដ រីឯស្ត្រីជាប្រពន្ធអវិជ្ជមាន តាមការធ្វើតេស្តបន្ទាន់។
លោកវេជ្ជបណ្ឌិត គង់ ចន័្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺមានឈ្មោះ ឃន ពិសិដ្ឋ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
កាលពីថ្ងៃទី២ ខែឧសភា អ្នកជំងឺរូបនេះ បានជិះម៉ូតូឌុបប្រពន្ធចូលមកក្នុងមណ្ឌលចត្តាឡីស័កសាលាគំរូក្រុងកំពង់ឆ្នាំង ដោយបង្ខំឲ្យក្រុមគ្រូពេទ្យពិនិត្យសំណាកគាត់ និងប្រពន្ធភ្លាមៗ ដោយសារតែគាត់មានអាការៈមិនស្រួលខ្លួនខ្លាំង តែដោយយប់ហើយ គ្រូពេទ្យក៏បានរៀបចំកន្លែងឲ្យសម្រាកនៅក្នុងបណ្ដូលច័តាឡីស័ក លុះព្រឹកឡើងក្រុមគ្រូពេទ្យបានពិនិត្យសំណាកអ្នកទាំងពីរនាក់ប្ដីប្រពន្ធដោយរកឃើញប្ដីវិជ្ជមានកូវីដ១៩ រីឯប្រពន្ធអវិជ្ជមាន (ពិនិត្យលើកទី១)។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងទៀតថា ថ្ងៃនេះក្រុមគ្រូពេទ្យ នឹងចុះទៅឃុំពង្រដើម្បីពិនិត្យសំណាកជូនប្រជាពលរដ្ឋ ដែលបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសខាងលើ។ ឆ្លៀតឱកាសនេះលោកវេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ដែលបងប្អូនដឹងថា ខ្លួនឯងបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសខាងលើនេះ សូមអញ្ជើញមកពិនិត្យសំណាកជាបន្ទាន់ចៀសសវាងការឆ្លងរីករាលដាលដល់ក្រុមគ្រួសារ និងសហគមន៍។
ដោយឡែក លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះថា ២នាក់ប្ដីប្រពន្ធ ដែលប្ដីឈ្មោះ ឃន ពិសិដ្ឋ មានវិជ្ជាមានកូវីដ១៩ ពួកគេពីរនាក់ធ្វើការនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានមកផ្ទះនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយជិះម៉ូតូ១គ្រឿងពីរនាក់ប្រពន្ធ។
លោកអធិការបានបន្តឲ្យដឹងទៀតថា រយៈពេល៤ថ្ងៃមុន ពេលរកឃើញឈ្មោះ ឃុន ពិសិដ្ឋ ជាប្ដីវិជ្ជមានកូវីដ១៩ គាត់បានហៅគ្រូពេទ្យឯកជនតាមភូមិមកចាក់ថ្នាំនៅផ្ទះជាច្រើនដង ហើយកូនរបស់លោកគ្រូពេទ្យ ក៏ជាកម្មការិនីរោង ចក្រនៅក្នុងក្រុងកំពង់ឆ្នាំងផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យសំណាកប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយនឹងឈ្មោះ ឃន ពិសិដ្ឋ ដូច្នេះសូមបងប្អូនអញ្ជើញរួសរាន់មកពិនិត្យសំណាកនៅមណ្ឌលសុខភាពពង្រ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះកុំបីខាន៕