(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងខណ្ឌទាំង៤ ដែលរៀបចំឡើងដោយក្រសួងការពារជាតិ គឺដំណើរការបានយ៉ាងរលូន ដែលសង្ឃឹមថានឹងសម្រេចតាមផែនការដែលបានគ្រោងទុក ឆាប់ៗនេះ។
ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។
ថ្លែងឱកាសចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់ នៅពហុកីឡដ្ឋានមតរកតេជោ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃយ៉ាងដូច្នេះថា៖ «ការចាក់វ៉ាក់សាំង តាំងពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រហូតមកដល់ពេលនេះ ឃើញថាការចាក់វ៉ាក់សាំងរបស់យើងពីមួយថ្ងៃ ទៅមួយថ្ងៃ មានការរីកចម្រើន ពោលពេញទៅដោយបទពិសោធន៍ ដែលយើងបានចាក់ជាបន្តបន្ទាប់ក្នុងតំបន់ក្រហមនេះ គិតមកដល់ថ្ងៃទី៥ ខែឧសភា ម្សិលមិញ ចាក់បានជិត២សែននាក់ហើយ នៅក្នុងខណ្ឌទាំង៤»។
«សម្រាប់ការចាក់វ៉ាក់សាំង នៅក្នុងយុទ្ធនាការនៅតំបន់ គឺដំណើរការបានល្អណាស់ សូមកោតសរសើរជាទីបំផុតចំពោះមន្ត្រីរាជការគ្រប់ទីកន្លែងទាំងអស់ ដែលបានសហការបានយ៉ាងល្អប្រសើរ ដំណើរការចាក់វ៉ាក់សាំងបានដោយរលូនមកដល់ពេលនេះ នោះគឺជាសេចក្តីសង្ឃឹមដែលយើងចាក់ជាបន្តបន្ទាប់ តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺយើងត្រូវតែបំពេញឱ្យពេញលេញឱ្យបាននៅថ្ងៃខាងមុខនេះ»។ នេះបើតាមការបញ្ជាក់បន្ថេមរបស់សម្តេចពិជ័យសេនា។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ ក្រុមការងារចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ នឹងរៀបចំទីតាំងសម្រាប់ត្រៀមការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្រសួងការពារជាតិ បានរៀបចំទម្រង់បែបបទបញ្ជូនឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបំពេញជាដើម។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋណាដែលមិនអាចបំពេញបែបបទសុំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយខ្លួនឯងមិនបាន (មិនចេះអក្សរ) គឺមានមន្ត្រីរង់ចាំជួយបំពេញឱ្យផងដែរ។
រដ្ឋមន្ត្រីការពារជាតិ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។
ជាមួយនឹងការមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរក្សាគម្លាតសុវត្ថិភាពសង្គម អនាម័យ ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដើម។
គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៤៩២,៣៦០នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ១៩៦,០៦៦នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧២,២៧៤នាក់។
ដោយឡែកបើគិតត្រឹមយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៥៦៥,២៩២នាក់៕