(ភ្នំពេញ)៖ លោក គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយពីសប្បុរសជនក្នុង និងក្រៅប្រទេសប្រគល់ជូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតជាថវិកា ២៨,៩៨០ដុល្លារ ដើម្បីទុកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងក្រីក្រនៅតំបន់បិទខ្ទប់ និងប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ត) នូវថវិកា ២៩០៦៨ដុល្លារ សរុបថវិកាទាំងអស់ ៥៨,០៥០ដុល្លារ។
អំណោយពីសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានប្រគល់ជូនអភិបាលរាជធានីភ្នំពេញ រួមមាន៖ អង្ករ ៣១តោន និងមីជាតិ ៣,៦៨០កេស សរុបជាទឹកប្រាក់ ២៨,៩៨០ដុល្លារ ក្នុងនោះដែរសប្បុរសជន ជាសមាជិកក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលរួមមាន៖ អង្ករ ៨តោន និងមីជាតិ ១,០០០កេស គិតជាទឹកប្រាក់ចំនួន ៧,៦៨០ដុល្លារ និងសប្បុរសជនសមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលរួមមាន អង្ករ ២៣តោន និងមីជាតិចំនួន ២,៦៨០កេស គិតជាទឹកប្រាក់ ២១,៣០០ដុល្លារ។
អំណោយពីសប្បុរសជនក្នុង និងក្រៅប្រទេសប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (ស.គ.យ.ត) រួមមាន៖ ផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាលចំនួន ៧,៦៨៩ដុល្លារ និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋកំពុងរស់នៅទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចំនួន ២១,៣៧៩ដុល្លារ៕