(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា អ្នកចង់ចូលខេត្តនេះ ត្រូវបំពេញលក្ខខណ្ឌ ១សិន ក្នុងចំណោមលក្ខខណ្ឌ៤ ទើបចូលបាន។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេស ចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
វិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងដោយយោងសេចក្តីណែនាំចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានីខេត្ត។
ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម៖
១៖ ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឬ
២៖ ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើក ចប់រួចរាល់ ឬ
៣៖ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ
៤៖ ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច៕