(បន្តាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំងជិត ២០០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជំុ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។
កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានភ្លៀង លាយឡំខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកព្រះនេត្រព្រះអស់មួយចំនួន។ យោងតាមព័ត៌មានបឋម គ្រោះខ្យល់កន្ត្រាក់នេះ បណ្តាលឱ្យខូចខាតប្រមាណចំនួន ២១៦ខ្នង និងសម្ភារមួយចំនួនមិនបណ្តាលឲ្យប្រជាពលរដ្ឋរងរបួស ឬស្លាប់នោះទេ ក្រៅពីផ្ទះប្រជាពលរដ្ឋក៏បណ្តាលឱ្យខូចខាតជម្រកស្នាក់នៅបណ្តោះអាសន្នកងកម្លាំងចម្រុះកំពុងឈរជើងបិទខ្ទប់ក្រុងប៉ោយប៉ែតជាច្រើនកន្លែងផងដែរ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសីចំនួន ១,០០០សន្លឹក សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញភ្លាមៗ រួមជាមួយអំណោយរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស័ង្កសី និងថវិកាមួយចំនួនផងដែរ។
ស្ថិតក្នុងស្ថានភាពដ៏លំបាកកំពុងប្រឈម នឹងជំងឺឆ្លងកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនេះ លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជាថ្នាក់ដឹកនាំតាមឋានានុក្រម កងកម្លាំង បានចេញប្រតិបត្តិការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ និងកម្លាំងមួយចំនួនបានត្រៀមខ្លួនជាស្រេច ជួយប្រជាពលរដ្ឋ រងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗតាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលតែងតែរងគ្រោះដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ សម្ភារ រងរបួស និងស្លាប់ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ លោក ហ៊ុន ម៉ាណែត និងភរិយា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕