(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បេក្ខជនដែលចង់ប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នចំនួន០៦ សម្រាប់ឆ្នាំ២០២១ ត្រូវធានាថា បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង០២លើករួចរាល់ហើយ។
ក្រសួងស្ថាប័នទាំង០៦នោះរួមាន ក្រសួងមុខងារសាធារណៈ, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងពាណិជ្ជកម្ម ,ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៏មាន Fresh News ទទួលបានឲ្យដឹងថា៖
*១៖ បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡង ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង០៦ខាងលើ ត្រូវធានាឲ្យបានក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើករួចហើយ។
* ២៖ នៅថ្ងៃប្រឡងបេក្ខជនទាំងអស់ ត្រូវភ្ចាប់មកជាមួយនូវកាតសម្គាល់ ដែលសាម៉ីបានទទួលវ៉ាក់សាំង។
* ៣៖ ក្នុងករណីដែលបេក្ខជន មិនអាចទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ត្រូវមានលិខិតបញ្ចាក់ជាផ្លូវការ ពីមន្ទីរសុខាភិបាលរាជធានី ខេត្ត។
* ៤៖ ក្នុងករណីបេក្ខជនណា ដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលរាជធានី ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតឲ្យបេក្ខជននោះចូលរួមប្រឡងឡើង។
* ៥៖ គណៈកម្មការរៀបចំការប្រឡង នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ដើម្បីទុកសិទ្ធិឲ្យតវ៉ាក្នុងករណីដែលមិនមានឈ្មោះប្រឡង នៅពេលដែលសហគមន៍ព្រឹត្តការណ៏២០កុម្ភៈ ត្រូវបានបិទបញ្ចប់។
* ៦៖ ចំពោះសេចក្តីសម្រេច ស្តីពីការអនុញ្ញាតឲ្យបេក្ខជនចូលរួមប្រឡង កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង គណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងពេលក្រោយ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ៖