(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីខេត្តសិក្សា នៅរាជធានីភ្នំពេញ និងស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន១៥២គ្រួសារ បានទទួលស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការ នយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ។
ក្នុងឱកាសនេះលោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រាលំបាកនេះ ដើម្បីធ្វើយ៉ាងណារួមគ្នា កាត់ផ្តាច់ជំងឺកូវីដ១៩ ឲ្យបានលឿន ដោយគោរពនូវវិធានការ ៣កុំ និង៣កាពារ រក្សាអនាម័យ លាងដៃឲ្យញឹកញាប់ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំនានា។ លោក ថេង សុថុល ក៏បានស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងមេត្តាយោគយល់ ចំពោះវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩នេះ។
លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ។
ទន្ទឹមនេះ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា សូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែស សូម្បីតែ១វិនាទីណាឲ្យសោះ ព្រោះបច្ចុប្បន្ននេះ វីរ៉ីសកូវីដ-១៩ បាននិងកំពុងចរាចរណ៍ស្ទើរគ្រប់ទីកន្លែង។ ដូច្នេះ ការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតប្រជាពលរដ្ឋ។
ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅផងនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឲ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឲ្យសោះ។
បើតាមលោកនាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ៕