(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច កំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាត ឱ្យចេញ-ចូល ទៅក្នុងតំបន់ក្រហមជាដាច់ខាត។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈដែរលោកអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមតំបន់ក្រហមមួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌប្ញស្សីកែវ នៅវេលាថ្ងៃត្រង់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ខណ្ឌចំនួន៨ ដែលគ្មាន «តំបន់ក្រហម» ពោលមានតែតែតំបន់លឿងទុំ និងតំបន់លឿង ហើយមានសុពលភាពចាប់ពីម៉ោងសូន្យថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១តទៅ។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ខណ្ឌទាំង៨ ដែលមានតែតំបន់លឿងទុំ និងតំបន់លឿងរួមមាន៖
១៖ ខណ្ឌកំបូល
២៖ ខណ្ឌបឹងកេងកង
៣៖ ខណ្ឌព្រែកព្នៅ
៤៖ ខណ្ឌជ្រោយចង្វារ
៥៖ ខណ្ឌសែនសុខ
៦៖ ខណ្ឌដង្កោ
៧៖ ខណ្ឌដូនពេញ
៨៖ ខណ្ឌចំការមន។
ក្រៅពីការណែនាំឲ្យពង្រឹង នៅតាមគោលដៅទាំងប៉ុន្មានខាងលើនេះ លោក ឃួង ស្រេង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់អាជ្ញាធរ និងកងកម្លាំង ដែលបាននិងកំពុងឈរជើងនៅគោលដៅបិទខ្ទប់ទាំងនោះ គឺដើម្បីជាការ លើកទឹកចិត្តឱ្យអាជ្ញាធរ និងកងកម្លាំងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបិទខ្ទប់តំបន់ក្រហមទាំងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងបាននូវការរីករាលដាលជំងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។
បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀតជូនទៅលោក សាន្ត សំអាត មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរងរបួសក្បាលដោយខ្យល់ព្យុះកាលពីយប់មិញ នៅពេលកំពុងបំពេញការងារ។
លោក ឃួង ស្រេង បានបន្តទៀតថា ក្នុងនាមអាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវណែនាំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ ពីហេតុផលនៃការបិទខ្ទប់នេះ ដែលសកម្មភាពបែបនេះ របស់អាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ មានគោលបំណងតែមួយគត់ នោះគឺរក្សាជីវិតបងប្អូនទាំងអស់គ្នា កុំឲ្យឆ្លងជំងឺកូវីដ១៩ មិនមានចេតនាណាមួយធ្វើបាបបងប្អូនទេ។
ក្រៅពីការណែនាំ និងជំរុញឲ្យរឹតបន្តឹង នៅតាមគោលដៅសំខាន់ៗ នៃច្រកចេញចូលតំបន់ក្រហមនេះហើយ លោក ឃួង ស្រេង បានណែនាំ និងបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ក្រហមទាំងនេះផងដែរ ពិសេសនៅតំបន់ផ្ទះជួលរបស់កម្មករ កម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តារោងចក្រដែលមានបញ្ហាប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ១៩។
ដោយឡែក ចំពោះការផ្ដល់អំណោយជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមតំបន់ក្រហមនេះឯង៕